អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ៖ មិនមានករណីឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបនោះទេ
ដោយ Heng  ថ្ងៃទី 3 January, 2024  ម៉ោង 12:44 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញមកបញ្ជាក់ឱ្យដឹងថា មិនទាន់មានព័ត៌មានផ្លូវការណាមួយនៅឡើយ សម្រាប់ការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប នោះទេ។ នេះជាការបញ្ជាក់បន្ទាប់ពីមានផ្ទុះព័ត៌មានពីការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ កន្លងមកដោយកម្លាំងអង្គភាពប្រឆាំងអំពើរពុករលួយ ចុះទៅដល់សាលាក្រុងកែប ។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា បើខ្ញុំមានព័ត៌មានច្បាស់ ខ្ញុំនឹងប្រាប់ អ៊ីចឹងមកដល់ពេលនេះ មិនមានព័ត៌មានអ្វី ដែលច្បាប់លាស់ និងផ្លូវការពាក់ព័ន្ធករណីការឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបទេ (ដូចបងប្អូនសាកសួរនេះទេ)។ អ៊ីចឹងបានជាខ្ញុំ មិនអាចមានព័ត៌មានអ្វី ជូនមកបានទេ» ។

ករណីនេះដែរ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ករណីនេះលោកបានទាក់ទងទៅកាន់ឯកឧត្តមអភិបាលខេត្តកែប ផងដែរ ប៉ុន្តែឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គឺជាការភាន់ច្រឡំ ហើយជាការបំប៉ោងបន្ថែម នូវព័ត៌មានចំពោះករណីទាំងអស់នេះ ។

យ៉ាងណាក្តី បើតាមអ្នកនាំពាក្យ ស្នងការខេត្តកែប ត្រូវបានស្រង់សម្ដីផ្សាយថា ពិតមែនជាមានការឃាត់ខ្លួនមនុស្ស២នាក់មែន ដោយកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយមែន ប៉ុន្តែគឺជាការភាន់ច្រឡំ តែប៉ុណ្ណោះ ។

សូមជម្រាបកាលពីថ្ងៃទី២ ខែមករា ករណីផ្សព្វផ្សាយថា មានកម្លាំងខាងអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប ម្នាក់ទៀត ។ ការឃាត់ខ្លួននេះ នៅសាលាក្រុងកែប បន្ទាប់ ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងខាងអង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប មកស្តាប់ចម្លើយនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅរាជធានីភ្នំពេញ តែម្តង ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...