កម្លាំងនគរបាលខណ្ឌលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម
ដោយ Heng  ថ្ងៃទី 1 September, 2023  ម៉ោង 13:25 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួច និងទទួលផលចោរកម្ម បានទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច ដោយបានដកហូតវត្ថុតាងមួយចំនួន ជាស្លាកលេខរថយន្ត។ ការឃាត់ខ្លួននេះបានធ្វើឡើង វេលាម៉ោង១១ និង២០នាទី នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ ស្ថិតនៅចំណុច ក្បែរសាលារៀនគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យទាំង២នាក់នោះ ទី១ មានឈ្មោះ ជិន សីហា ភេទប្រុស អាយុ ជាង៣០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក( មុខសញ្ញាលួច) ។ ទី២ មានឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ ក្បែរសាលារៀនគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យអ្នកទទួលទិញ (អ្នកទទួលផលចោរកម្ម)។

ប្រភពដដែលបានបញ្ជាក់ថា មុនឈានដល់ការគាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជិន សីហា នៅវេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត រួចបាននាំខ្លួនមកសួរនាំ ក៏ឈានទៅដល់ការកំណត់មុខសញ្ញា បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដកហូត ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...