រដ្ឋមន្ត្រីដែនដីជំរុញពន្លឿនការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
ដោយ Heng  ថ្ងៃទី 29 August, 2023  ម៉ោង 10:21 | ព័ត៌មាន​ជាតិ, សន្តិសុខ​សង្គម

(ភ្នំពេញ)៖​ លោក​ឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យពន្លឿនការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

លោកបានស្នើដូច្នេះនៅក្នុងឱកាសដឹកនាំ​កិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ​សុរិយោដី​ និងភូមិសាស្រ្ត ការងារ​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​បាន​នឹង​កំពុង​អនុវត្ត ដើម្បី​កំណត់​ទិសដៅ​ត្រូវ​អនុវត្ត​បន្តនារសៀល​ថ្ងៃទី​ ២៨ ខែ​សីហា ឆ្នាំ២០២៣ ។

លោក​ឧបនាយក​រដ្ឋមន្រ្តី បានណែ​នាំឱ្យ​ក្រុម​ការងារទាំងអស់ត្រូវរៀបចំ និងការពារឱ្យបាននូវការរៀបចំដែនដី ទន្លេ សមុទ្រដោយត្រូវការពារ និងអភិវឌ្ឍបន្ថែម ពន្លឿន​ការ​ចុះ​បញ្ជី​ដីរដ្ឋ និង​ប្លង់គោល​ប្រើប្រាស់​ដី​រដ្ឋ សហការ​ជាមួយ​អន្តរក្រសួង​ ដើម្បី​ធ្វើផែនទី​ឯកភាព​​រួមសម្រាប់​ថ្នាក់ជាតិ​ចុះ​បញ្ជីដី​រដ្ឋ​ឱ្យ​បាន​ចប់សព្វ​គ្រប់ និង​ឆាប់​រហ័ស បើក​ទូលាយ​និង​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ ដែល​មាន​វិជ្ជាជីវៈ ដើម្បី​ពន្លឿន​ការ​ចុះ​បញ្ជី បែងចែក​ក្រុមការងារ​ជំរុញ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យបាន​ឆាប់​រហ័ស និង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ឯកសារ​ជាតិ​ ដើម្បី​រក្សាទុក​ឯកសារ​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​។

លោកឧបនាយក​រដ្ឋមន្រ្តី បានផ្តាំ​ផ្ញើ​ដល់​ថ្នាក់​ដឹកនាំ និង​មន្រ្តី​ទាំងអស់ ឱ្យ​បន្ត​និរន្តរភាព​អ្វីដែល​យើង​មាន​ពី​មុន និង​បន្ត​បង្កើន​ប្រសិទ្ធភាព​តទៅ​មុខទៀត ។យកចិត្ត​ទុកដាក់​អនុវត្ត​ការងារ​ជា​ប្រចាំ ធ្វើយ៉ាងណា​ពន្លឿន​ការចុះ​បញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ផ្តល់​បណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ជូនពួកគាត់​ប្រកប​ដោយ​ទំនុក​ចិត្ត និង​ប្រសិទ្ធភាព។

ប្រភពក្រសួងរៀបចំដែនដី គិតត្រឹម​ថ្ងៃទី ២១ ខែខែសីហក្រសួង​បាន​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន ៦ ៩៤៥ ០៦៩ បណ្ណ ស្មើនឹង ៩៩,២% នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​ដំបូង ចំនួន ៧ លាន​ក្បាលដី នៅ​ក្នុងភូមិ​ចំនួន ៧ ៥០៨ នៃ​ឃុំ​ចំនួន ៦៥០ នៃ​ក្នុង​ក្រុង​ ស្រុក ចំនួន ៣០ ទូទាំង​ប្រទេស តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានសុរិយោដី និង​ភូមិសាស្រ្ត​។

គិតចាប់​ពី​ពេល​ផ្តើម​អនុវត្ត ដល់​ខែ​កក្កដា ឆ្នាំ​២០២៣ ក្រសួង​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​តាមរយៈ​ទាំង ៣យន្តការ ដោយ​បាន​ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន ១១ ២៧៥ ពី​ក្នុង​ពាក្យ​បណ្តឹង​សរុប​ចំនួ ១៤ ៨១៤ ករណី និង​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត។ ក្រៅពីនេះ ក្រសួង​ក៏​សម្រេច​បាន​នូវលទ្ធផល​ការងារ​ល្អប្រសើរ​ជាច្រើន​ទាក់ទិន​នឹង​ការងារ​សុរិយោដី និង​ភូមិសាស្រ្ត និង​ការងាររៀបចំ​ដែនដីនិង​នគរូបនីយកម្ម ផងដែរ​

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...