
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តម៉ាកALPHARD ជ្រុលចង្កូតទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូដាច់កង់ខាងក្រោយខ្ទាតចេញពីតួជាច្រើនម៉ែត្រ និងរងរបួសធ្ងន់បុរសអ្នកបើកម៉ូតូ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម ក្បែរនឹងផ្សារបឹងបៃតង ស្ថិតក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BO-4444 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1IN-5419 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យម៉ូតូដួលអូសជាច្រើនម៉ែត្រ ដាច់កង់ក្រោយខ្ទាតចេញពីតួធ្វើឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកប្រគល់ជូនជំនាញបន្ត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទូកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕