
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតាកូម៉ាមួយគ្រឿង ក្នុងល្បឿនលឿនបានកៀម៉ូតូស្គុបពីនៅពីមុខ បណ្តាលឲ្យដួលរួចបន្តទៅបុករថយន្ត lexus RX300 ពីក្រោយពេញទំហឹងរួចរេចង្កូតឡើងខឿន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមហើយបន្តទៅបុកគម្របលូទើបទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់ បានបើករថយន្តម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BQ-5387 បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចហេតុ ក៏បានបើកកៀម៉ូតូស្គុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2JS-4727 ជិះដោយនារីម្នាក់ធ្វើដំណើរស្របគ្នានៅពីមុខ បណ្តាលឲ្យដួលរងរបួស រួចបន្តទៅបុករថយន្តម៉ាក LexusRX300 មួយគ្រឿងទៀតនៅពីមុខ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2K-1336 បើកបរដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹងរួញកាងចូលគ្នា និងបែកកញ្ចក់ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បន្តរេចង្កូតឡើងខឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរាបដល់ដី ហើយបន្តទៅបុកគម្របលូនៅមុខផ្ទះពលរដ្ឋទើបអស់ល្បឿនទៅមុខលែងរួច រីឯម្ចាស់រថយន្តបង្កវិញ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះ។
ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍ក្រុងបន្តដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿងទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕