
(ភ្នំពេញ)៖បុរសពីរនាក់ជិះម៉ូតូឌុបគ្នាបានជ្រុលទៅបុករថយន្តឆ្លងកាត់ពីមុខចំហៀងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខការាសសាំង តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ បុរសម្នាក់បើករថយន្តតាក់ស៊ីឯកជនម៉ាក camry បាឡែនមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AI-8790 ដឹកភ្ញៀវនារីជនជាតិចិនម្នាក់ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវចូលទៅម៉ាតការាសសាំងតូតាល់ក៏មានម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH-3411ជិះដោយបុរសពីរនាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំទ្វាររថយន្តខាងក្រោយចំចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់ទាំងពីរនាក់។ ភ្លាមៗនោះអ្នកបើកបរ និងភ្ញៀវជាអ្នករួមដំណើរបាននាំគ្នាគេចខ្លួនបាត់អស់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕