
(ភ្នំពេញ) ៖ មនុស្សបួននាក់ជិះក្នុងរថយន្តរួមដំណើរបានរងរបួសធ្ងន់ម្នាក់ស្រែបីនាក់ក្រោយពីរបើករថយន្តលឿនពេកជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឱ្យជញ្ចាំងផ្ទះនោះរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧កែងនឹងផ្លូវលេខ៥៩២ ត្រង់ចំណុចមុខវិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងថា មនុស្សប្រុសស្រី៤នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសES 300h ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AJ -7227 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនជ្រុលទៅបុកជញ្ចាំងផ្ទះពលរដ្ឋពេញទំហឹងបាក់បែករងការខូចខាត និងបណ្ដាលឱ្យបុរសម្នាក់រងរបួសបាក់ជើង និងបីនាក់ទៀតរងរបួសស្រាល ។
ក្រោយកេីតហេតុភ្លាមៗ បុរសម្នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិត។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុដោយឃេីញថាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តបង្កសម្របសម្រួលគ្នាជាមួយម្ចាស់ផ្ទះដោយខាងម្ចាស់រថយន្តព្រមសងសំណងការជួលជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕