លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចទាំងអស់ត្រៀមរៀបចំតុបតែងលម្អទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក
ដោយ Heng  ថ្ងៃទី 21 March, 2023  ម៉ោង 08:01 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​​​​​​​​​​​​​​​​និងទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២៣ខាងមុខ ហើយត្រូវពន្លឿនជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះឱ្យបានល្អប្រសើរ។

ការដាក់ចេញបញ្ជានេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលីសនិងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលការជួសជុលតុបតែង កែលម្អសោភ័ណភាព ជាមួយនឹងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ​ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០២៣ វេលាម៉ោង១៦ និង០០ នាទីរសៀល និងត្រៀម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈ

អ្នកដែលត្រូវទទួលបានគោរមងារ

អ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

លោក ឃួង ស្រេង បានជំរុញឱ្យមានការពង្រឹងសន្តិសុខ សុវត្ថិភាព ឱ្យបានខ្លាំងក្លាផងដែរ មិនថានៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើនត្រូវចាក់សោរផ្ទះចោល ដើម្បីទៅដើរលេងកម្សាន្តឬទៅលេងស្រុកកំណើត។ ដូច្នេះ ក្នុងនាមអាជ្ញាធរ និងកងកម្លាំងជាអ្នកមើលខុសត្រូវផ្ទះសម្បែងរបស់ពួកគាត់ កុំឱ្យមានអំពើចោរកម្មកើតឡើង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...