រថយន្ត Ford បើកបុកជាមួយម៉ូតូអូសជាច្រើនម៉ែត្រអ្នកបើកបររងរបួសធ្ងន់
ដោយ Heng  ថ្ងៃទី 18 February, 2023  ម៉ោង 09:47 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូឌុបស្ត្រីម្នាក់ត្រូវបើករថយន្តFordមួយគ្រឿងបុកហើយកិនអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសអ្នកឌុបរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចបែកជាបួនបុរីភ្នំពេញថ្មី២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមC-125 ស៊េរីឆ្នាំ 2007 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1T-0841បានដឹកឆ្អឹងជ្រូកសម្រាប់យកទៅធ្វើស៊ុបមួយថង់ ដោយធ្វើដំណើរទើសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត Ford មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-5082បើកបរដោយបុរសម្នាក់ និងមានស្ត្រីម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរទិសដៅពីរកើតទៅលិច ជ្រុលបុកជាមួយម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលឲ្យកិនអូសម៉ូតូប្រមាណជិត ៣០ ម៉ែត្រ ហើយម្ចាស់ម៉ូតូរងរបួសធ្ងន់ចំណែកឆ្អឹងជ្រូកសម្រាប់យកទៅធ្វើស៊ុប ធ្លាក់រាយប៉ាយពេញផ្លូវ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានឡើងរថយន្តមួយគ្រឿងទៀតគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រថយន្ត និងម៉ូតូសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...