
(ខេត្តស្ទឹងត្រែង)៖ ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបញ្ជូន ទៅសាលាដំបូងខេត្តកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចកងចក្រ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្តីទី។ មន្ត្រីអាវុធហត្ថ បានឃាត់រថយន្តចំនួន ២ គ្រឿង។ ក្នុងនោះ រថយន្តម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-1971 និងមួយគ្រឿងទៀត ម៉ាក Toyota PRIUS ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-5996 ។
ក្រោយឃាត់រថយន្តមុខសញ្ញាខាងលើ កម្លាំងកងរាជអាវុធ បាននាំយកទៅអង្គភាព ដើម្បីឆែកឆេរ និងចាប់យកវត្ថុតាងជាក់ស្តែង នៅក្នុងរថយន្ត TUNDRA រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៣កញ្ចប់តូច មានទម្ងន់ ០,៤៣៧ ក្រាម និងម្សៅថ្នាំញៀន ប្រភេទខេតាមីន ចំនួន ១ កញ្ចប់តូចទម្ងន់ ០,០៨៧ ក្រាម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងអាវុធខ្លី ១ដើមម៉ាក Lock បង់១, គ្រាប់១៥គ្រាប់ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២ នាក់ ក្នុងនោះស្រី ៦នាក់។
ជនសង្ស័យទាំង ១២នាក់ ខាងលើ មន្ត្រីជំនាញបានធ្វើតេស្តរកឃើញ វិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។ ក្រោយពីសាកសួរបញ្ចប់នីតិវិធី ក្នុងការស្រាវជ្រាវ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យប្រុសស្រីទាំង ១២ នាក់ ទៅអយ្យការអមសាលាដំបូង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕