ផ្ទុះគ្រាប់បែកតាមការ៉ាស់សាំង និង ម៉ាត ១៧ កន្លែង ផ្អើលភាគខាងត្បូងប្រទេសថៃ
ដោយ Heng  ថ្ងៃទី 17 August, 2022  ម៉ោង 15:26 | អន្តរជាតិ

ករណី​ផ្ទុះ​គ្រាប់​បែក​ចំនួន ១៧ កន្លែង នៅ​ខេត្ត​ចំនួន ៣ នា​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ សង្ស័យ​ជា​ស្នាដៃ​របស់​ជន​បះបោរ។ ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​នេះ​ដែរ កើត​មាន​ឡើង​ភ្លាមៗ​នា​ពេល​រំលង​អធ្រាត​ក្នុង​ខេត្ត Pattani, Narathiwat និង Yala ដោយ​ភាគ​ច្រើន​បំផ្ទុះ​នៅ​ឯ​ម៉ាត​លក់​ទំនិញ និង ការ៉ាស់​សាំង បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៧ នាក់​រង​របួស នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​បញ្ជាក់។

តាម​សម្ដី​អ្នក​នាំ​ពាក្យ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ៖«ជន​សង្ស័យ​ទាំង​នោះ ស្លៀកពាក់​ធ្វើ​ជា​មនុស្ស​ស្រី ​នាំ​គ្នា​ជិះ​ម៉ូតូ ដោយ​ខ្លះ​បាន​ចោល​គ្រាប់​បែក​សាំង​ទៅ​ទីតាំង​ដែល​ពួកគេ​កំណត់​ទុក»។ លោក​បាន​បន្ត​ទៀត​ថា ៖«ច្បាស់​ណាស់ នេះ​ជា​ស្នាដៃ​ជន​បះបោរ ដែល​នៅ​តែ​ប្ដេជ្ញា​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ បំផ្លាញ​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច បង្កើត​ភាព​មិន​ច្បាស់លាស់ និង បំផ្លាញ​ប្រព័ន្ធ​រដ្ឋាភិបាល»។

គួរ​ឱ្យ​ដឹង​ថា មេ​ប៉ូលិស​ក្នុង​តំបន់ បាន​ទទួល​សារ​មួយ​មុន​ពាក់​កណ្ដាល​អធ្រាត​ថា ជន​សង្ស័យ​បាន​ចូល​ទៅ​ក្នុង​ម៉ាត នៅ​ការ៉ាស់​សាំង​មួយ​កន្លែង​ក្នុង​ស្រុក Yaha ខេត្ត Yala ដោយ​រូប​គេ​បាន​ដាក់​ថង់​ខ្មៅ​មួយ​ក្នុង​នោះ ហើយ​គំរាម​បុគ្គលិក​ទី​នោះ​ឱ្យ​ចាកចេញ​ភ្លាម បើ​មិន​ចង់​ស្លាប់។ រយៈពេល ១០ នាទី​ក្រោយ​បុគ្គលិក​ចាកចេញ​នោះ ថង់​នោះ​ក៏​បាន​ផ្ទុះ​តែ​ម្ដង។

មក​ទល់​ពេល​នេះ ប៉ូលិស​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ក្រុម​ជន​សង្ស័យ​ដែល​បាន​វាយប្រហារ​តាម​ម៉ាត និង ការ៉ាស់​សាំង​ទាំង​នោះ​នៅ​ឡើយ​ទេ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...