
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងបើកបរដោយជនជាតិអាល្លឺម៉ង់ម្នាក់បានចុះចតនៅមាត់ទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ កំពង់ឆ្នាំង ដោយសារអាកាសធាតុមិនអំណោយផល។
លោកបានបន្តថា ឧទ្ធម្ភាគចក្រ មួយគ្រឿងនេះបានបង្ខំចុះចត ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល នៅវេលាម៉ោង៧ និង១៥នាទី យប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២ ។
លោកបានបន្តថា តាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបបានបញ្ជាក់ឱ្យដឹងថាៈ ក្រោយពេលកើតហេតុ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី មកសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ ឆ្នាំង ។ ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភា គចក្របានចុះចត ។
តាមការបញ្ជាក់ពីអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះមូលហេតុដែលចុះចតនេះគឺដោយសារអាកាសធាតុ មេឃងងឹតមានខ្យល់ខ្លាំង។
សមត្ថកិច្ចនៅមូលដ្ឋានបានឱ្យដឹងថា យនយន្តហោះនោះនឹងត្រូវហោះឡើងនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ដើម្បីហោះ ហើរទៅកាន់គោលដៅទៅខេត្តសៀមរាប៕