
(ខេត្តពោធិ៍សាត់) ៖ ក្មេងស្ទាវ១ក្រុមមានគ្នាប្រមាណ៥នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន២គ្រឿងផងដែរ។ហើយខណៈនោះកម្លាំងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានចុះអន្តរាគមន៍ តែជាអកុសលលោកនាយរងផ្នែកនគរបាលយុត្តិធម៌ម្នាក់ត្រូវក្រុមស្ទាវទាំងនោះកាប់ឱ្យរងរបួសធ្ងន់។ ទៅយ៉ាងណាកម្លាំងនគរបាលបានកម្លាំងនគរបាល បានឃាត់ខ្លួនក្មេងស្ទាវចំនួន ១០នាក់រួមនឹងម៉ូតូចំនួន ៥ គ្រឿងនាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចសួនច្បារមុខធនាគារជាតិ ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងមានក្មេងៗ១ក្រុមមានគ្នាប្រមាណ៥នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន២គ្រឿងផងដែរ ហើយខណៈដែលកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ចេញទៅជួយធ្វើអន្តរាគមន៍ត្រូវក្រុមជនបង្កកាប់មកលើលោក អនុសេនីយ៍ទោ សុន កុសល នាយរងផ្នែកនគរបាលយុត្តិធម៌ បណ្ដាលឲ្យរងរបួសដៃទាំងសងខាងយ៉ាងធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ ៕