
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនារីជនជាតិខ្មែរម្នាក់បើករថយន្ត Lexus LX570 មួយគ្រឿងចេញពីអគារខុនដូមួយកន្លែង ត្រូវបុរសម្នាក់ជិះម៉ូតូលឿនមកបុកចំពីចំហៀងខាងមុខពេញទំហឹង ធ្វើឱ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអគារខុនដូមួយកន្លែង ក្បែរស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាក Lexus LX570 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2X-8168 ធ្វើដំណើរចេញពីអគារខុនដូក្បែរកន្លែងកើតហេតុខាងលើក្នុង ទិសដៅពីត្បូងទៅជើង មកដល់កែងមហាវិថីសហព័ន្ធរុស្ស៊ី ក៏មានម៉ូតូមួយគ្រឿងម៉ាកvispa ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FE-3699 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត មកបុកបញ្ឆិតខាងមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យដួលអូសម៉ូតូទៅមុខប្រមាណជិត១០ម៉ែត្របណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។
សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕