
(ភ្នំពេញ)៖ បុរសពីរនាក់ បានជិះម៉ូតូឌុបគ្នា ទៅទាក់ដៃចង្កូត ជាមួយម៉ូតូ មួយគ្រឿងទៀត បណ្ដាលឲ្យដួល បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៤ និង១៥នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវបេតុងព្រៃស ស្ថិតនៅភូមិ ត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ភាគីជនរងគ្រោះម៉ូតូទី១ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1O-4217 អ្នកបើកបរ មានឈ្មោះ ខុន ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិខ្ពុយកើត ឃុំសូយង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករួមដំណើរ មានឈ្មោះ ជិច សាវឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិតាអឹម ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ដោយឡែក ភាគីម៉ូតូទី២ ពុំស្គាល់ម៉ាក និងស្លាកលេខ អ្នកបើកបរ ពុំស្គាល់អត្តសញ្ញាណ បានបើករត់គេច ពីកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូទាំង ពីរគ្រឿង ខាងលើ បានបើកបរស្របទិសគ្នា ពីទិសខាងកើត ទៅខាងលិច។ ពេលមកដល់ ចំណុចកើតហេតុ ម៉ូតូទាំងពីរគ្រឿង ក៍បានទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យភាគីម៉ូតូទី១ ដួលបោកក្បាលទាំង ពីរនាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ រីឯម៉ូតូមួយគ្រឿងទៀត បានជិះគេចបាត់ពីកន្លែងកើតហេតុភ្លាមៗ ។
ក្រោយកើតហេតុ សពជនរងគ្រោះទាំង ពីរនាក់ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ។ ចំណែកម៉ូតូជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរង់ចាំស្រាវជ្រាវបន្ត ៕