
(ខេត្តព្រៃវែង)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ ការនាំចេញនិងនាំចូលទំនិញពីប្រទេសវៀតណាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅមានភាពធូររលុងដោយឈ្មួញនៅតែបន្តនាំចូលទំនិញហាមឃាត់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់។ ដែលករណីនេះគេមិនទាន់ឃើញលោកលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ ពុំទាន់បានបង្ហាញស្នាដៃបង្ក្រាបជាដុំកំភួននៅឡើយទេតាំងពីលោកទៅកាន់តំណែងនៅទីនោះ។ ចំណែកលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ដែលពង្រាយគយចល័តគ្រប់ច្រកល្ហកក្នុងខេត្តក៏មិនដែលឃើញបង្រ្កាបក្រុមឈ្មួញដែលកំពុងដឹកជញ្ជូនទំនិញមិនប្រក្រតីបានមួយករណីដែរ។
ដោយឡែកប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗជាច្រើននាក់នាំចូលតាមច្រកនេះមានទំនិញខ្លះគេចពន្ធ។ ប៉ុន្តែលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ពុំទាន់ឃើញមានវិធានការលុបបំបាត់ភាពអសកម្មនោះដោយប្រមូលពន្ធ
ដោយសុក្រិតនៅឡើយទេ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករមួយចំនួនបានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏នៅពេលដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ពួកឈ្មួញត្រូវតែឈប់បង់លុយតាមការកំណត់ចំណុះក្បាលឡានមិនអាចរំលងមួយពេលបានឡើយ។ ក្រុមមន្រ្តីដែលចាំប្រមូលលុយនៅខាងមុខស្នាក់ការសាខាគយខេត្តព្រៃវែង បានប្រាប់ក្រុមឈ្មួញ និងអាជីវករថា ពួកគេធ្វើអ្វីៗ តាមបញ្ជារបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង។
ចំពោះករណីលើកឡើង ប្រភពលើកឡើងនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងករណីក្រុមមន្រ្តីដែលចាំប្រមូលលុយពីរថយន្តដឹកទំនិញ នៅខាងមុខស្នាក់ការសាខាគយខេត្តព្រៃវែង ផ្លូវជាតិលេខ១ ចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង
អង្គភាពសារព័ត៌មានយើងពុំទាន់បានទទួលការបំភ្លឺពីមន្ត្រីពាក់ព័ន្ធខាងលើនេះនៅឡើយទេ៕