
(ខេត្តស្វាយរៀង)៖ ម៉ូតូ ពីរគ្រឿងបុកគ្នា យ៉ាងពេញទំហឹង
បណ្ដាលឱ្យមនុស្សប្រុសស្រី បួននាក់ បានររងររងរបួស
កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៣និង១៣៤ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានបញ្ជាក់ថា អ្នកបើកម៉ូតូ បង្កហេតុមានឈ្មោះ ឡុង វណ្ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ រស់នៅភូមិអូរសាង៉ាម ឃុំ ដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-២០០៩។
ចំណែកភាគីរងគ្រោះមាន ឈ្មោះ ស៊ុន ណាចិត្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរ ពីរនាក់ មានឈ្មោះ គង់ សាវឿន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ និងឈ្មោះ សំបូរ ជីជី ភេទស្រី អាយុ៥ឆ្នាំ ។ អ្នកទាំង បី មានទីលំនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-២៩៣៨។
សាក្សីបានឱ្យដឹងថា មានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N ២០០៩ ដោយធ្វើដំណើរពីខាងកើត ទៅខាងលិច មិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកជាមួយម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L ២៩៣៨ ជិះគ្នា បីនាក់ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បង្កឱ្យរងរបួសទាំងសងខាង។
សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង ដើម្បីដោះស្រាយ ពេលក្រោយតាមច្បាប់៕