
(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងបានបើករថយន្តម៉ាក BMW ក្នុងល្បឿនលឿន រេចង្កូតទៅបុកគម្របមាត់លូ ក្រឡាប់រួចបន្តទៅបុកបង្គោលភ្លើង បាក់ដើមទៀត ទើបរថយន្តលែងទៅមុខ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង ១០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-1851 បើកបរដោយបុរសជនជាតិចិន តាមបណ្ដោយផ្លូវ ១០០៨ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកគម្របមាត់លូ ក្រឡាប់ទៅបុកបង្គោលភ្លើង បណ្តាលឱ្យបាក់មួយដើម រីឯរថយន្តបរងការខូចខាតស្ទើរទាំងស្រុង។
ហើយភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន ក៏បានឃាត់តៃកុងរថយន្តបង្ក នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង។
ក្រោយកើតហេតុខាងលើ ជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ៕