
(ខេត្តកណ្តាល) ៖ កាលពីម្សិលម៉ិញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមការចង្អុលពីលោកឧត្តមទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាបការនាំចូលសាច់គោ និងសាច់ក្របីខុសច្បាប់ពីប្រទេសវៀតណាមប្រមាណ៣តោន ។
សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3680 នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលដឹកសាច់គោ និងសាច់ក្របី នាំចូលមកពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកតំណាងម្ចាស់ទំនិញមានឈ្មោះ ឌុក ភក្តី ភេទប្រុស អាយ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយឡែកអ្នកបើកបរមានឈ្មោះ ឈូក ដា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។
ប្រភពក៏បានឱ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតរួ មមាន៖ ១-រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3680 ។ ២-សាច់គោម៉ាក AL-AMMAR ដាក់ប្រអប់ ក្រដាសពណ៌លឿង ចំនួន៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន២០គីឡូក្រាម ស្មើនឹង១៥០០គីឡូក្រាម ។ ៣-សាច់ក្របី ម៉ាក BLACK GOLD ប្រអប់ក្រដាសពណ៌សចំនួន៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន២០kg ថ្មើរនឹង១៥០០គីឡូក្រាម ។ សរុបសាច់គោ និងសាច់ក្របីចំនួន១៥០ប្រអប់ ស្មើនឹង៣០០០គីឡូក្រាម ។
ប្រភពបន្ថែមថា ក្រោយក្រុមការងារបានត្រួតពិនិត្យរួច ព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងាររក្សាទុកវត្ថុតាងខាងលើ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបណ្ដោះអាសន្ន ហើយខាងមន្ត្រីជំនាញបានដកយកសំណាកសាច់គោ និងសាច់ក្របីចំនួនពីរកេះស្មើ៤០គីឡូ យកទៅធ្វើវិភាគរកមេរោគ និងសារធាតុផ្សេងៗ និងមន្ត្រីសាខា (កបប) យកសំណាកសាច់គោ និងសាច់ក្របីចំនួនពីរកេះស្មើ៤០គីឡូ ទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ ដើម្បីបន្តនីតិវិធី ៕