
(ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបចេញពីផ្លូវបេតុងជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យរថយន្តបែនដឹកខ្សាច់ជ្រុលទៅបុកចូលផ្ទះលក់បាយធ្វើឱ្យរងរបួសម្ដាយ ននិងកូនស្រី។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នំា២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបែនដឹកខ្សាច់ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-0566 បើកតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវ៦០ម៉ែត្របានបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា K.SARUN6 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ហេីយជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឱ្យរថយន្តបែនដឹកខ្សាច់រេចង្កូតទៅបុកចូលផ្ទះលក់បាយ-ម្ហូប បណ្ដាលឱ្យកូនស្រីរបួសស្រាល រីឯម្ដាយរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕