
(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប BMW ១គ្រឿងបើកបរលឿនជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងអត់បងមិនមានរងរបួស។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខធនាគារ ABA តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត CHENGLONG ដឹកស៊ីទែនប្រេងឥន្ធនៈTotal ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2577 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-3976 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាតារាសម្ដែង អេឡិច ចាន់ត្រា មកបុករថយន្តដឹកប្រេងឥន្ធនៈTotalពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កវិលមួយជុំខ្ទេចមួយកំណាត់មុខ។ ចំណែករថយន្តដឹកស៊ីទែនប្រេងTotal បានរងការខូចខាតកាងខាងក្រោយបន្តិចបន្តួច តែមិនបង្កគ្រោះថ្នាក់ដល់មនមនុស្ឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ ហើយធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាងអស់មួយសន្ទុះធំ ទើបចុងក្រោយបានបញ្ចប់រឿង ត្រឹមយករថយន្តទៅជួសជុលដោយខខ្លួនឯង៕