
(ភ្នំពេញ)៖ បុរស ២ នាក់ ជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ជាអកុសល ត្រូវរថយន្តមិនស្គាល់ម៉ាក បើកកៀរម៉ូតូដួលបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសស្រាលកាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ ៦អា ( 6A ) ចំណុចក្បែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ប្រភពពនៅកន្លែងកើតហេតុ បាបាឱ្យដឹងថា បុរស ២នាក់ បានបើកម៉ូតូឌុបគ្នា ម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1L-3623 ជិះចេញពីក្រសួងសាធារណការ និងដឹកជញ្ជូន ឡើងមកផ្លូវជាតិ លេខ6A មានគោលបំណងទៅផឹកកាហ្វេ ពេលព្រឹក និយាយគ្នាលេង ជាមួយមិត្តភក្កិ ឬ អ្នកធ្វើការងារជាមួយ ខណៈមកដល់មុខ ហាងកាហ្វេស្រាប់តែមានរថយន្ត មិនស្គាល់ម៉ាក មួយគ្រឿង បើកតាមបណ្តោយ ផ្លូវជាតិលេខ6A បើកក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿន បានកៀរម៉ូតូជាមួយកញ្ចក់ រថយន្ត ចំហៀងខាងស្តាំបណ្តាលឱ្យម្ចាស់ម៉ូតូ ដួលបោកក្បាល ស្លាប់ភ្លាមៗ និងអ្នកដែលរួមដំណើរពីក្រោយ រងរបួសស្រាល ។ ចំណែករថយន្តវិញ បានបើករត់គេច ពីកន្លែងកើតហេតុ បាត់ស្រមោល តែបន្សល់ទុកកញ្ចក់រថយន្ត មួយចំហៀង នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុរួចបានទំនាក់ ទំនងទៅក្រុមគ្រួសារ សាច់ញាតិ មកទទួលសព ។ ចំណែករថយន្តបង្ក សមត្ថកិច្ច នឹងតាមស្វែងរកដើម្បីចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕