កម្ពុជាចុះកុងត្រាទិញវ៉ាក់សាំង Sinovac ១លាន ៥សែនដូស គ្រាដែលសម្តេចសន្យាចាក់ឲ្យពលរដ្ឋជាង១០ លាននាក់
ដោយ Heng  ថ្ងៃទី 17 March, 2021  ម៉ោង 13:18 | សន្តិសុខ​សង្គម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ បានថ្លែងថា រាជរដ្ឋាភិបាលភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឲ្យប្រជាពលរដ្ឋឲ្យបានពី ១០ ទៅ ១៣លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនមួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន ១,៥ (មួយលាន ៥ សែនដូស) ឆាប់ៗខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«យើងអត់មានអាថ៌កំបាំងអីជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឲ្យ ប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ពី ១០ ទៅ ១៣ លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន ១,៥០០,០០០ ដូស (មួយលានប្រាំសែនដូស) ដែលនឹងមកដល់ក្នុងឆាប់ៗខាងមុខ»។

សម្តេចតេជោ បានថ្លែងទៀតថា វ៉ាក់សាំង Astra Zeneca ក៏នឹងមកដល់ជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ។

តាមរយៈសារសំឡេងនៅយប់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ការឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកស្រី ឱ វណ្ណឌីន ធ្វើជាប្រធាននេះដើម្បី ដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានលឿន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...