
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែមីនាឆ្នាំ២០២១ បានធ្វើលិខិតស្នើសុំទៅសម្ដេចវិបុលសេនាភក្តីសាយឈុំប្រមុខរដ្ឋស្តីទីដោយស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ដួង ឆាយ ។
នេះបើយោងតាមលិខិតរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៧ ខែមីនានេះ។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានទូលថ្វាយព្រះមហាក្សត្រថា “ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ។
អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ”៕