
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម ក្នុងចំណោមអាទិភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលសុខាភិបាល បានបញ្ជាក់ដូច្នេះ «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។
ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖
១៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៣៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ
៤៖ មន្ទីរពេទ្យបង្អែកដង្កោ
៥៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៦៖ មន្ទីរពេទ្យបង្អែកចតុមុខ
៧៖ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ
៨៖ មន្ទីរពេទ្យបង្អែកពោធិចិនតុង។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី ខេត្ត ដែលក្រសួងបានកំណត់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ បន្តការងារចាក់វ៉ាក់សាំងជូនប្រជាជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាកផ្លូវការ) ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី៕