
(ភ្នំពេញ)៖ រថយន្តបែនដឹកដី១គ្រឿងបើកបរលឿនបាន វាក់ជាមួយរថយន្តលាយបេតុង១គ្រឿងបើកគេចរហូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់អស់១ដើម កាលពីវេលាម៉ោង៧ុំនិង៤៥ នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខក្រុមហ៊ុនលាយបេតុង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក FUSO កង់៦បែនដឹកដី ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខចង្កូតស្ដាំPP-1479 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកដីពេញហើយបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានវាក់ជាមួយរថយន្តលាយបេតុង១គ្រឿង នៅខាងមុខទើបប្រឹងបួងចង្កូតបុកន២ងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវឲ្យបាក់១ដើម។ រថយន្តនោះបានរងការខូចខាត ប៉ុន្តែពុំបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ។
ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅនាំយករថយន្តនោះទៅរក្សាទុកដើម្បីរង់ចាំដោះ ស្រាយតាមច្បាប់៕