សម្តេចក្រឡាហោម ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិនគរបាលដែលដុះក្បាលពោះធំៗ
ដោយ Heng  ថ្ងៃទី 16 February, 2021  ម៉ោង 08:45 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។ ការប្រកាសរបស់សម្តេចក្រឡាហោមបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។

បើតាមសម្តេចក្រឡាហោម ស ខេង ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ សម្តេចបានលើកឡើងថា ការធ្វើកំណែទម្រង់ មិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើមន្ត្រីនគរបាលដុះក្បាលពោះបែបហ្នឹង ទៅចាប់ជនល្មើសឯណាបាន? សម្តេចក្រឡាហោម ស ខេង ដែលបានថ្លែងបែបនេះនៅចំពោះមុខរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។

សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...