
រឿងដោះលែងមេខ្លោងនាំពលករឆ្លងដែនខុសច្បាប់ តុលាការបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក គឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង។ ដីកាបង្គាប់ឲ្យឃុំខ្លួននេះ គឺចេញដោយលោក ឃី ឆៃចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងដីកា គឺបានបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លកទៅពន្ធនាគារ ខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ថា ទាក់ទងករណីអធិការនគរបាលស្រុកកំរៀង ដែលបានដោះលែងមេខ្លោងនាំពលករឆ្លងដែនដោយខុសច្បាប់គឺសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីរកអ្នកដែលពាក់ព័ន្ធ។ ការបញ្ជាក់នេះនៅក្រៅពិធីប្រគល់រថយន្តជូនស្នងការ ដ្ឋាននគរបាលខេត្តចំនួន ១៩ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះសម្តេចក្រឡាហោមសខេងបានប្រាប់ទៅស្នងការនគរបាលរាជធានីខេត្តរួមទាំងមន្ត្រីនគរបាលដែលពាក់ព័ន្ធត្រូវមើលគំរូអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលពាក់ព័ន្ធក្នុងរឿងដោះលែងមេខ្យល់នាំពលករខ្លងដែនខុសច្បាប់ ត្រូវបានដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បទពិសោធន៍អធិការស្រុកកំរៀង ខេត្តបាត់ដំបង គឺជាបទពិសោធន៍មួយធ្វើការរំលោភ វិជ្ជាជីវៈ រំលោភលើឋានានុក្រម ដោយមិនខ្ចីរាយការណ៍ឲ្យថ្នាក់លើបានដឹង គឺខុស នេះជាបទពិសោធន៍ដែលត្រូវសិក្សារៀនសូត្រ ហើយក៏ដូចជាកញ្ចក់សម្រាប់យើងទាំងអស់គ្នាផងដែរ។ សម្តេចក្រឡាហោមបានបញ្ជាក់យ៉ាងដូច្នេះថា“បទពិសោធន៍អធិការ ស្រុកកំរៀង ជាបទពិសោធន៍មួយ យើងឃើញថា គាត់ធ្វើការរំលោភវិជ្ជាជីវៈ រំលោភលើឋានានុក្រមដោយគាត់មិនខ្ចីរាយការណ៍ឲ្យ អ្នកណាទេ។ គាត់សប្បាយខ្លួនគាត់។ អាហ្នឹងខុស។ជាបទពិសោធន៍មួយដែលយើងទាំងអស់គ្នាត្រូវសិក្សារៀនសូត្រ ហើយក៏ដូចជាកញ្ចក់សម្រាប់យើងទាំងអស់គ្នាទេ”។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានចេញអនុក្រឹត្យ ដកឋានន្តរស័ក្តិ និងបណ្តេញចេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះវរសេនីយ៍ឯកគឹមពន្លកនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។
ទាក់ទងករណីដដែលសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌបានបញ្ជាឲ្យ អភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវជាបន្ទាន់រឿងមន្ត្រីប៉ូលិសនៅច្រកឡែមដែលចាប់បាន មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃដែលមេខ្យល់នោះត្រូវបានទាហានចាប់ខ្លួនបានប្រគល់ឲ្យខាងប៉ូលិស ហើយខាងប៉ូលិសជាអ្នកដោះលែងមេខ្យល់នោះ ដោយមិនបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់៕