
(ភ្នំពេញ)៖ ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បានបើកបរបោះពួយក្នុងល្បឿនលឿន ក្នុទិសបញ្រ្ចាសចរាចរណ៍បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ជិះម្នាក់ឯងពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសង ខាង ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខធនាគារ ABA ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរម៉ូតូ ២ គ្រឿងជិះបុកគ្នាបានបណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស។ មុនពេលកើតហេតុជនរងគ្រោះ ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1I-9640ក្នុងទិសដៅពីលិចទៅកើតបញ្រ្ចាសទិសដៅចរាចរណ៍។ ចំណែកជនរងគ្រោះម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច។
ក្រោយពេលកើតហេតុជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ហើយនគរបាលមូលដ្ឋានក៏បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយផងដែរ៕