
(ខេត្តបាត់ដំបង) ៖ បុរសបីនាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខេត្តបាត់ដំបងចាប់ខ្លួន ដោយដកហូតថ្នាំញៀន៥គីឡូក្រាម។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១ រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអនុវិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យករណីជួញដូរថ្នាំញៀន៣នាក់នេះ រួមមាន៖ ទី១-ឈ្មោះ ទូច សារុំ ភេទប្រុស អាយុ៥៩ឆ្នាំ ។ ទី២-ឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិដើមជ្រៃ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាមួយគ្នា ។ ទី៣-ឈ្មោះ សន សារ៉ាត ហៅហើម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិកែវ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន៥កញ្ចប់ និងមានទម្ងន់ ៥គីឡូក្រាម។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕