ឃាតក រៀបគម្រោងបាញ់សម្លាប់ម្ចាស់បំណុលបានចម្រេច ទៅបាននគរបាលឃាត់ខ្លួន
ដោយ Heng  ថ្ងៃទី 20 December, 2020  ម៉ោង 01:02 | សន្តិសុខ​សង្គម

(​ភ្នំពេញ) ៖ ករណី​បាញ់​ចំនួន​៤​គ្រាប់​ផ្តាច់ជីវិត​បុរស​​ម្នាក់​ដែល​ជា​អ្នក​គួ​ក​ជេរ​ដី គួ​ក​ជេរ​រថយន្ត​-ម៉ូតូ និង​រកស៊ី​ចងការ​ប្រាក់​ បណ្ដាល​ឱ្យបាត់បង់ជីវិត ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវលំ​ឡាន​ដឹក​ដី​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​នោះ គឺ​ឃាតករ​មាន​គ្នា​២​នាក់​ ហើយត្រូវនគរបាលឃាត់ខ្លួនបានហើយកាលពីវេលារសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនដៃដល់​​ដែលត្រូវចាប់ខ្លួន​បាន​ខាងលើ​ឈ្មោះ សុខ ហេង​សំបូរ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មុខរបរ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ​«​សំបូរ គ​ន្ធា​»​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជន​នេះ​គឺជា​អ្នក​ដៃដល់​ក្នុង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​ ព្រោះតែ​ជំពាក់​ប្រាក់​ជន​រង​គ្រោះ​ទាំង​ការ​ទាំង​ដើម​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ ​

ចំណែក​ម្នាក់ទៀត​​ឈ្មោះ ផេង ស៊ី​ថុ​ល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​ជា​មន្ត្រី​យោធា មាន​ទីលំ​​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។​ ជន​នេះ​គឺ​អ្នកសមគំនិត​ជួយ​រៀបចំ​ផែនការ​សម្លាប់​ និង​បាន​ផ្ដល់​កាំភ្លើងខ្លី​១​ដើម​ម៉ាក​ CF98 ឱ្យទៅឈ្មោះ សុខ ហេង​សំបូរ ខ្ចី​បាញ់​សម្លាប់​ជន​រង​គ្រោះ ​ព្រោះតែ​ខ្លួន​ជំពាក់​ប្រាក់​ជន​រង​គ្រោះ​ទាំង​ការ​ទាំង​ដើម​ជាង​៤​ម៉ឺន​ដុល្លារ ហើយ​អត់​ប្រាក់​សង​។

ករណីឃាតកម្មនេះត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​នគរបាល​ខណ្ឌ​កំ​បូល ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​ឈ្មោះ​សុខ ហេង​សំបូរ ឃាត់ខ្លួនកាលពី​វេលា​រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២០​នៅផ្ទះ​របស់​ខ្លួន​បន្ទាប់​មក​បាន​នាំ​ទៅ​យក​អាវុធ​ដែល​ជន​ដៃដល់​លាក់​ទុក​នៅ​ចំណុច​រណ្ដៅ​ដី​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ​។ រីឯ​ឈ្មោះ ផេង ស៊ី​ថុ​ល ត្រូវ​ឃាត់ខ្លួន​នា​វេ​ល​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​ចូល​បុរី សន្តិភាព​២ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​។

ដោយឡែក​បុរស​រង​គ្រោះ​ដែល​បាត់បង់​ជីវិត​នោះ​ឈ្មោះ នៅ ចំណាន អាយុ​៤៥​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី លក់​និង​ទិញ​រថយន្ត​និង​ម៉ូតូ ព្រមទាំង​ចងការ​ប្រាក់ មាន​ទីលំនៅ​ផ្ទះ​លេខ ៥១៦ ផ្លូវលំ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​ចំ​ក្បាល​និង​ខ្លួន ចំណែក​១​គ្រាប់​ទៀត​ត្រូវ​ចំ​ដី​រង​របួស​ធ្ងន់ធ្ងរ​ហើយ​បាន​បាត់បង់ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

តាម​ប្រភព​ព័ត៌មាន​​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ ជនសង្ស័យ​ឈ្មោះ សុខ ហេង​សំបូរ បាន​សារភាព​ប្រាប់​នគរបាល​ថា នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល៩​និង ១០​នាទីព្រឹក​ ​ខ្លួន​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ​ពណ៌​ទឹកមាស ១​គ្រឿង​ទៅ​យកឈ្មោះ​ផេង ស៊ី​​ថុ​ល ដែល​ជា​មន្ត្រី​យោធា នៅផ្ទះ​មិន​ចាំ​លេខ ស្ថិត​នៅ​ក្នុង​បូ​រី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ទៅ​ហូប​អាហារ​ពេល​ព្រឹក​នៅ អាហារ​ដ្ឋា​ន​មួយ​កន្លែង​យីហោ​«​ម៉ា​ណា​គី​»​ស្ថិត​នៅ​ម្តុំ​វត្ត​ស្លែង សង្កាត់​ពងទឹក​ខណ្ឌដង្កោ​។

​ជនសង្ស័យ​ខាងលើបាន​សារភាព​បន្ត​រថា ខណៈ​ពេល​កំពុង​ហូប​អាហារ​ពេល​ព្រឹក ស្រាប់តែ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ទារ​លុយ​ខ្លួន​ ហើយ​ខ្លួន​បាន​ប្រាប់​​ជនរងគ្រោះ​វិញ​ថា​«​អត់​មាន​ទេ មាន​តែ​៥​ពាន់​​ដុល្លារ​​អា​មេ​រិ​ក​ទេ ពេល​នោះ​ជន​រង​គ្រោះ​បាន និ​យាយ​ថា មាន​មិន​គ្រប់​ទេ​អញ​អត់​យក​ទេ អញ​និង​បាញ់​ចោល ហើយ​​ខ្លួន​​ក៏​បាន​ប្រាប់​តប​ត្រឡប់​ទៅជនរងគ្រោះ​​វិញ​ថា ​ខ្លួន​​​មាន​៨​ពាន់​​ដុល្លា​អា​មេ​រិ​ក​ទេ ​យក​អត់? ។​ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​ថា​យល់ព្រម​ទទួលយក​ រួច​ក៏​បិទ​ទូរស័ព្ទ បន្ទាប់​មក​ឈ្មោះ​ផេង ​ស៊ី​​ថុ​ល បាន​និយាយ​ជាមួយ​​ខ្លួន​ថា អញ​ក៏​ជំពាក់​លុយ​អាណា​ន ​ច្រើន​ដែរ ហើយ​វា​តែងតែ​ទារ​លុយ​អញ​រាល់ថ្ងៃ​ដែរ​នឹង ។

ជនសង្ស័យ​បាន​សារភាព​បន្ត​រទៀត​ថា ក្រោយ​ពី​ពិភាក្សា​គ្នា​បន្តិច​មក​ឈ្មោះ​ផេង ស៊ី​ថុ​ល បាន​ប្រាប់​ខ្លួន​​ថា «​បាញ់​វា​ចោល​ទៅ​»​ ​ខ្លួន​ក៏​ឆ្លើយ​វិញ​ថា ​ខ្លួន​អត់​មាន​កាំភ្លើង​ផង ហើយ​ឈ្មោះ ថុ​ល ប្រាប់​ថា អញ​មាន​កាំភ្លើង ហើយ​ទុក​នៅផ្ទះ​អញ​ឯណោះ ពេល​នោះ​ដោយសារ​តែ​ជំពាក់​លុយ​ជន​រង​គ្រោះ​ច្រើន​គ្មាន​លទ្ធភាព​សង ខ្ញុំ​បាន​យល់ព្រម​តាម​ផែនការ​របស់​ឈ្មោះ​ថុ​ល ។

​បន្ទាប់​មក​ទៀត​ ខ្លួន​បាន​បើករថយន្ត​របស់​ខ្លួន​ដឹក​ឈ្មោះ​ផេង ស៊ី​ថុ​ល ទៅ​ផ្ទះ​របស់​ខ្លួន​ រួច​ឲ្យ​ឈ្មោះ ថុ​ល បើករថយន្ត​របស់​ខ្លួន​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ទៅ​យក​កាំភ្លើង​នៅផ្ទះ​របស់​គាត់ ចំណែក​ខ្លួន​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​រួច​បើករថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ម៉ាក​អាល់​ហ្វា​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ ២-០178 ចេញពីផ្ទះ ទៅ​កាន់​កន្លែង​ទទួល បញ្ចាំ​មួយ​នៅ​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​ឈ្មោះ ថុ​ល បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​របស់ខ្ញុំ​ទៅ​តាម​ក្រោយ ពេល​ទៅ​ដល់​បាន​ដាក់បញ្ចាំរថយន្តឡិចស៊ីសនោះក្នុងតម្លៃ​១១.០០០​ដុល្លារ​អា​មេ​រិ​ក ។

ជន​​សង្ស័យ​ខាងលើ​នេះ​បាន​បន្ត​ថា ក្រោយ​ពេល​បញ្ចាំ​រថយន្ត​បាន​ប្រាក់​ហើយ​ ​ខ្លួន​និង​ឈ្មោះ​ថុ​ល បាន​បើករថយន្ត​ម៉ាក​អាល់​ហ្វា​ត ត្រឡប់​មក​កាន់​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង​វិញ ហើយ​ឈ្មោះ ថុ​ល បាន​ប្រគល់​អាវុធ​ខ្លី​០១​ដើម មិន​ស្គាល់​ម៉ាក ទុក​នៅ​ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ​ឲ្យ​មក​ខ្ញុំ​។ លុះដល់​ម៉ោង​ប្រហែល​១​រសៀល ​ខ្លួន​បាន​បើករថយន្ត​ទៅ​ម្តុំ​វត្ត​ជន្លុង​ម្លូ ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ហើយ​ឈ្មោះ ថុ​ល បាន​ចុះ​ពីលើ​រថយន្ត​រួច​ប្រាប់​ខ្ញុំ​ថា ​អញ​ទៅ​យក​ម៉ូតូ​ដើម្បី​ជិះ​ទៅ​មើល​ឈ្មោះ​នៅ ចំណាន (​ជន​រង​គ្រោះ​) នៅ​ហាង​ដើម​ធ្នង់​សិន ។

ជនសង្ស័យ​បានសារភាពបន្ត​ថា ​ក្រោយមក​ទៀត ​ខ្លួន​បាន​បើករថយន្ត​ទៅ​ជួប​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​បេតុង ម្តុំ​វត្ត​ត្រពាំង​សាលា លុះ​ពេល​ជួប​ ​ខ្លួន​បាន​ប្រគល់​លុយ​ចំនួន​៨,០០០​ដុល្លា​អា​មេ​រិ​ក ហើយ​បាន​និយាយ​សុំ​ជន​រង​គ្រោះ​ដើម្បី​យក​រថយន្ត​ម៉ាក​Hummer របស់ខ្ញុំ​១​គ្រឿង​ដែល​បាន​ដាក់បញ្ចាំ​នៅ​នឹងជនរងគ្រោះមកវិញ ប៉ុន្តែ​ខណៈនោះ​ជន​រង​គ្រោះ​មិន​ព្រម​ឡើយ ដោយ​ទាមទារ​លុយ​ថែម​ចំនួន​២,០០០​ដុល្លារ​ទៀត​ ទើប​ព្រម​ប្រគល់​រថយន្ត​នោះ​ឲ្យ​មក​​ខ្លួន​វិញ​ និង​បាន​​គំរាមខ្លួន​​ថា «​បើ​អត់​មាន​លុយ​២,០០០​ដុល្លារ​ទៀត​ទេ​អញ​ឲ្យ​គេ​បាញ់​បូរ ​ឯង​ចោល​ហើយ​» ។

​ក្រោយ​ពី​និយាយ​មិន​ត្រូវ​គ្នា​ និង​ទទួល​រង​ការ​គំរាម​បែប​នេះ ​ខ្លួន​​ខឹង​ណាស់​ ហើយ​បាន​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​រួច​យក​កាបូប​ពណ៌​ខ្មៅ​ដែល​ដាក់​កាំភ្លើង​មក​ស្ពាយ​ ហើយ​ទុក​រថយន្ត​ រួចជិះម៉ូតូ១គ្រឿងចេញក្រៅ រួច​ទូរស័ព្ទ​ណាត់ជួប​ជន​រង​គ្រោះ ដោយ​ប្រាប់​ឲ្យ​ទៅ​យក​លុយ​នៅ​ម្ដុំ​បូ​រី​ពិភព​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី ចូល​តាម​ផ្លូវ​ឡាន​ដឹក​ដី​ហើយ​ក៏​បិទ​ទូរស័ព្ទ ។

ឃាតករ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​២​ និង២០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២០​​ ខ្លួន​បាន​ទូរស័ព្ទ​ទៅ​កាន់​បុរស​រង​គ្រោះជា​លើក​ទី​២​ម្តងទៀត ហើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ដល់​ផ្លូវ​ចូល​ហើយ លុះ​បាន​ប្រហែល​១០​នាទី​ក្រោយមក​ទើបបាន​ជួប​គ្នា ដោយ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ភី​ស៊ី​អ៊ុ​ច​(PCX) ពណ៌​ស ​តាម​ផ្លូវ​បញ្ច្រាស​ទិស​គ្នា​នៅ​ត្រង់​ចំណុច​កើតហេតុ ។​ ភ្លាម​នោះ​​ខ្លួន​បាន​បោយ​ដៃ​ហៅ​ឲ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បក​ត្រឡប់​មក​ក្រោយ​ស្រប​ទិស​គ្នា​ជាមួយ​​ខ្លួន​វិញ​រួច​ បាន​ឈប់​ម៉ូតូ​អែប​ខាង​ផ្លូវ ហើយ​​ខ្លួន​ក៏​បាន​ដក​អាវុធ​ខ្លី​ចេញពី​កាបូប​បាញ់​ទៅ​លើ​បុរស​រង​គ្រោះ​ពីក្រោយ​១​គ្រាប់​ចំ​ខ្នង បណ្តាល​ឲ្យ​ដួល​ដេក​ទៅ​លើ​ដី បន្ទាប់​មក​បាន​បាញ់​ថែម​ចំនួន​៣​គ្រាប់​ទៀត ​ហើយ​មិនដឹង​ថា​ត្រូវ​ត្រង់​កន្លែង​ណាខ្លះ​ទេ​។

​ក្រោយ​បាញ់ជនរងគ្រោះ​​រួច ​ខ្លួន​​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ឡើង​សំដៅ​ទៅ​ផ្លូវជាតិ​លេខ​៣​វិញ​ ហើយ​បាន​ខ​ល​ទៅ​ប្រាប់​ឈ្មោះ ថុ​ល ថា​​ខ្លួន​បាន​ចាត់ការ​ម្ចាស់បំណុល​រួចរាល់​ហើយ បន្ទាប់​មក​​ខ្លួន​បើក​ម៉ូតូ​យក​អាវុធ​ខ្លី​នោះ ទៅ​កប់​លាក់​ទុក​នៅ​ក្នុង​រណ្តៅ​ដី​នៅ​ក្នុងភូមិ​ទួល​កី​នោះ​ដែរ រួច​ជិះ​ម៉ូតូ​យក​ទៅ​ទុក​នៅ​ខាងក្រោយ​ផ្ទះ ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​៤​ និង២០នាទី ​ខ្លួន​​បាន​ផ្ញើលុយតាមវីងចំនួន១,០០០​ដុល្លា​អា​មេ​រិ​ក​ឲ្យ​ទៅ​អ្នកបកប្រែ​ចិន​ម្នាក់​ព្រោះ​ខ្លួន​​ជំពាក់​គេ ហើយរហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ២០២០ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​៕


 

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...