
(ភ្នំពេញ)៖ នារីម្នាក់រងរបួសធ្ងន់ និងបុរស៣នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នានៅចំណុចផ្លូវបំបែកជាបួន ផ្លូវ២៩៤កែង និងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពី វេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ដំបូងឡើយគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-8529 ជារថយន្តតាក់ស៊ីឯកជន បើកបរដោយបុរសម្នាក់ និងរួមដំណើរប្រុសស្រី៣នាក់ទៀតជាភ្ញៀវបានបើកតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកអាល់ហ្វាត (ALPHARD) មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG.8998 បើកបរដោយជនជាតិចិនម្នាក់ និងរួមដំណើរស្ត្រីខ្មែរម្នាក់ទៀត បើកតាមបណ្ដោយផ្លូវ ២៩៤ ទិសដៅពីលិចមកកើតយ៉ាងលឿនបានមកបុករថយន្តព្រូសចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសក្រឡាប់ផ្ងារជើងឡើងលើ នឹងបង្កឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ និងបុរស៣នាក់រងរបួសស្រាល។ រថយន្តអាល់ហ្វាតបង្កហេតុមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបើករត់រហូតទៅដល់ ជិតស្ពានហង្សកោះពេជ្រទើបត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច៕