
(ខេត្តព្រះសីហនុ)៖ អ្នកបើកម៉ូតូសណ្ដោងរឺម៉កម្នាក់បានរងរបួសធ្ងន់ ក្រោយពីរថយន្តពីរគ្រឿងបើកស្របទិសគ្នាបុកគូទបន្តបន្ទាប់រួញគ្នាមកប៉ះរម៉ក។ ករណីនេះបានកើតឡើង នៅវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តធំមួយគ្រឿង ពណ៌ត្រួយចេក ម៉ាកHyundai ពាក់ស្លាក លេខ កំពង់ស្ពឺ 3A-2618 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយរថយន្តម៉ាក Starex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AY – 2481 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) រួចជ្រុលរុញបន្តទៅបុកនិងម៉ូតូសណ្តោងរុឺម៉ក១គ្រឿង ដែលនៅពីមុខ។ ម៉ូតូសណ្តោងរុឺម៉ក ម៉ាកwave ពាក់ស្លាកលេខ ព្រៃវែង 1M -0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឱ្យអ្នកបើកបរម៉ូតូរុឺម៉ក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល។
ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់ ។ ចំណែកវត្ថុតាងយានយន្តទាំង៣គ្រឿង ត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្ត៕