
(ភ្នំពេញ)៖ យុវជន២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូលឿនទៅបុក រថយន្តដែលចតស្ងៀមពីក្រោយកាលពីម៉ោងជាង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅខាងក្រោយពេទ្យឯករាជ្យ១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដល់ជីវិតឈ្មោះមោះ ហោល ថេង អាយុ២១ឆ្នាំ មុខរបរធ្វើការនៅសិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត និងឈ្មោះ ផេង អាយុ២២ឆ្នាំ មុខរបរធ្វើកានៅសិប្បកម្មទឹកកកស្នាក់នៅកន្លែងធ្វើការជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នករបួសឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នាដូចជនរងគ្រោះខាងលើជាអ្នកជិះពីក្រោយ។អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ 1C-3687 ជិះឌុបគ្នា៣នាក់។
ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ។រថយន្ត ប្រភេទសណ្តោងរ៉ឺម៉ក ខាងក្បាល មានពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1534 និងខាងក្រោយពណ៌សលាយក្រហម ពាក់ផ្លាក លេខព្រះសីហនុ4A-3896។
តាមសម្ដីរៀបរាប់របស់នារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹកស៊ីស្រាក្រឡុកនៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏ បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាពស្រវឹងហើយបើកលឿនបានទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀម។ ចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅចរាចរណ៍ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។អ្នកបើកបរត្រូវបានឃាត់ខ្លួន៕