
(ខេត្តកំពត)៖ នារីវ័យក្មេងពីរនាក់ជិះម៉ូតូឌុបគ្នាបានបុកជាមួយនឹងរថយន្តកុងតឺន័រខណៈកំពុងបើកបញ្ចាស់ទិសគ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូរបួសស្រាលម្នាក់ធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០និង២៥នាទីនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិបឹងធំខាងលិច ឃុំអង្គស៊ី ស្រុកកំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ ជិះម៉ូតូឌុបគ្នា ធ្វើដំណើរក្នុងទិសពីកើតទៅលិច ចំណែករថយន្ត ធ្វើដំណើរ បញ្ច្រាសទិសគ្នា ពីលិចទៅកើត ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង២ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកអ្នកបើករថយន្ត ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អ្នករបួស ត្រូវបានបញ្ជួនទៅសង្រ្គោះ ររីឯមធ្យោបាយបុកទង្គិចគ្នានោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រង់ចាំការដោះស្រាយ៕