អាជ្ញាធរខេត្តព្រះសីហនុចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលភូមិវាល ឃុំកំពង់សីលាមានចំនួន ១,៦៨៤ក្បាលដី
ដោយ Heng  ថ្ងៃទី 22 October, 2020  ម៉ោង 17:58 | ព័ត៌មាន​ជាតិ, សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះ សីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ មេភូមិ និងប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីផងដែរ។

លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកកំពង់សីលាបានឱ្យដឹងថា នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់កម្មសិទ្ធដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះ ជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី តាមរយៈប័ណ្ណកម្មសិទ្ធិនេះ ដែលជាសំអាងសម្រាប់ដាក់បញ្ចាំ ឬដាក់ធានា និងដាក់ហ៊ីប៉ូតែក។

ជាមួយគ្នានេះលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានឱ្យដឹងថា លទ្ធផលដែលទទួលបានពីការចុះបញ្ជីដីធ្លីភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្បាលដីដែលគណៈកម្មការរដ្ឋបាលដីធ្លី បានលើកសំណើផ្តល់កម្មសិទ្ធិលើដីធ្លីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សរុបមានចំនួន ១,៦៨៤ក្បាលដី នៃចំនួនក្បាលដីសរុបចំនួន ១,៧៤៣ក្បាលដី ក្នុងនោះរួមមាន ប្រភេទទ្រព្យរួមប្តីប្រពន្ធ ១,២១៤ប័ណ្ណ ទ្រព្យខាងប្តី ៥៥ប័ណ្ណ ទ្រព្យខាងប្រពន្ធ ២០៥ប័ណ្ណ ទ្រព្យលីវ ១៨៦ប័ណ្ណ ទ្រព្យកម្មសិទ្ធិអវិភាគ ១៣ប័ណ្ណ ទ្រព្យរដ្ឋ ៨ប័ណ្ណ ទ្រព្យក្រុមហ៊ុន ២ប័ណ្ណ និងទ្រព្យសហគមន៍ ១ប័ណ្ណ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងថ្លែងការកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក ឃុំ ដែលបានសហការបំពេញ ការងារប្រកបដោយប្រសិទ្ធភាព ឈានដល់ការចែកប័ណ្ណនាពេលនេះ ការទទួលបានប័ណ្ណ មាន៥កំណាក់កាល និងធ្វើការជួបជុំគ្នា ៣ដង ទី១.ប្រកាសតំបន់វិនិច្ឆ័យ ២.ប្រកាសជាសាធា រណ និងទី៣.ឈានដល់ការជួបជុំចែកប័ណ្ណជូនប្រជាពលភូមិវាល ឃុំកំពង់សីលាមានចំនួន ១,៦៨៤ក្បាលដី។

លោក គួច ចំរើន បានបញ្ជាក់ថា ដីធ្លី​ ធនធានធម្មជាតិ​ គឺជាមូលដ្ឋានគ្រឹៈ សម្រាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច​ និង​នយោបាយ​។ ដីធ្លី​ មានសុវត្ថិភាព​ គឺជាសុខដុមនីយកម្ម​ ក្នុងគ្រួសារ​ និង​ សង្គម​ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច ឬបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់៕


Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...