(ខេត្តក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបុកជាមួយម៉ូតូខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យខាងម៉ូតូស្លាប់ចំនួន៣នាក់ ឪពុកម្ដាយនិងកូនតូច។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិ៧ ក្រចេះ-ស្ទឹងត្រែង នៅត្រង់ស្ពានតាកុតនៅភូមិ សង្គម ឃុំសណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៧ ខែតុលាឆ្នាំ២០២០។
សសាក្សីបានឱ្យដឹងថា រថយន្តម៉ាកកាមរីស្វិតពណ៌ខៀវ បើកមកពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ររថយន្តក៏វ៉ារថយន្តធំមួយគ្រឿងវ៉ាឆេ្វងដៃ បានជ្រុលទៅបុកនឹងម៉ូតូកំពុងបើកបរបញ្ចាស់ទៀតគ្នាពេញទំហឹង។
មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា អ្នកបើកបររថយន្ដបង្កឈ្មោះ ផល ដែន ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិដីសម្បទានកាកុដ ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ចំណែកជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ សំរឿន ផល្លាភេទប្រុស អាយុ២៦ឆ្នាំ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ចាន់ ឌឿន អាយុ១៩ឆ្នាំ និងកូនប្រុសអាយុ១ឆ្នាំ បានស្លាប់ទាំងបីនាក់។ អ្នកទាំង៣មានទីលំនៅ ភូមិដារ ឃុំដា ស្រុកចិត្តបុរី ខេត្តក្រចេះ ។
ក្រោយពីកើតហេតុមន្ត្រីនគរបាលបានចុះវាស់វែងហើយនាំយករថយន្ដ និងម៉ូតូ ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសំបូរ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕