(ខេត្តស្វាយរៀង)៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ និងក្មេងស្រីវ័យជំទង់ម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីឃាតកម្មមួយដែលបានកើតឡើងវេលាម៉ោង១៨យប់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សេង ទិត្យភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ហ៊ីង យ៉ឹម អាយុ៧៥ ឆ្នាំ ភេទស្រី នៅភូមិជាមួយគ្នា ត្រូវចំកពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ ជនដៃដល់នោះក៏កាប់ទៅលើឈ្មោះ ប៉ែន រ៉ី អាយុ១៣ឆ្នាំ ភេទស្រី ត្រូវចំកំផ្លៀងឆ្វេងនិងចង្អុលដៃឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា មូលហេតុជនសង្ស័យកាន់កាំបិតដើររកប្រពន្ធ រួចដើរមកចូលផ្ទះជនរងគ្រោះទាំង២ហើយបានសួររកប្រពន្ធរបស់ខ្លួនពេលនោះជនរងគ្រោះឈ្មោះ ហ៊ីង យ៉ឹម បានឆ្លើយថាអញមិនឃើញទេរួចបានស្ទុះទៅដេញកាប់ទៅលើជនរង គ្រោះទាំង២នាក់តែម្ដង (ជនរងគ្រោះជាយាយនិងចៅ)។
ពេលយកជនរងគ្រោះទាំង២មកដល់មណ្ឌលសុខភាពដូងជនរងគ្រោះឈ្មោះ ហ៊ីង យ៉ីមបានស្លាប់។ ចំណែកចៅស្រីបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួនសួរចម្លើយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕