(ភ្នំពេញ)៖ មន្ត្រីន្ត្រីពាក់សក្តិពីរម្នាក់បើករថយន្តទាំងស្រវឹងស្រាជោកជាំ បានបុករះម៉ូតូ ៣គ្រឿង បង្កឱ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់កាលពីវេលាម៉ោង ៧ និង៣០ នាទីយប់ ថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ ២០២០ តាមបណ្តាយផ្លូវ ២២៣ កែងនឹងផ្លូវចូលបុប្ផារាជនី សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ៣គ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង រីឯម៉ូតូរបស់លោកតាពីរនាក់ប្តីប្រពន្ធ បម្រុងបត់ចូលតាមផ្លូវបុប្ផារាជនី ស្រាប់តែភ្លាមនោះដែរ គេបានឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីពាក់សក្តិពីរបើករថយន្តម៉ាក អូ ឌីមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AR 6066 ឡើងមកត្បូងក្នុងល្បឿនលឿនរួចក៏បោះពួយទៅបុករះម៉ូតូ ៣គ្រឿង បង្កឱ្យមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន ៤ នាក់ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចក៏ទាក់ទងទៅខាងនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមក យករថយន្តម និងម៉ូតូ៣គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕