រថយន្តដឹកដើមដូងសំពីងសំពោងបើកលឿនដល់ផ្លូវកោងបួងចង្កូតជ្រុលក្រឡាប់បះជើងទ្រមេឃ រងរបួស ៦នាក់
ដោយ Heng  ថ្ងៃទី 17 June, 2020  ម៉ោង 22:05 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តដឹកដើមដូង១គ្រឿង បើកល្បឿនលឿនមិនខ្វល់ តែពេលដល់ផ្លូវកោង បួងចង្កូតបង្ខំពេកបណ្ដាលឱ្យក្រឡាប់ផ្ងារជើងទ្រមេឃ រងរបួសធ្ងន់ស្រាល៦នាក់។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦A ក្រុមទី២១ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2P-2940 មានផ្ទុកដើមដូងជិត១០ដើមសំពីងសំពោង ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងអ្នកបើកព្យាយាមបួងចង្កូតគួបផ្សំ រថយន្តដឹកធ្ងន់ផង ក៏រ៉េចង្កូតធ្វើឱ្យក្រឡាប់រថយន្តបាក់ជើងទ្រមេឃ។ ភ្លាមៗនោះ អ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីពេទ្យកាល់ម៉ែត្រ ដែលធ្វើឱ្យជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវសមត្ថកិច្ចស្ទូចយកមករក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...