(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីពុលស្រថ្នាំចិនសែ យីហោតាំងគួយ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះ គិតត្រឹមថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាចនេះអ្នកពុលទាំងអស់ចំនួន៤១នាក់ ស្រីចំនួន ៣នាក់ អ្នកស្លាប់មានចំនួន៧ នាក់សុទ្ធតែជាបុរស ហើយអ្នកដែលកំពុងសម្រាកក្នុងមន្ទីពេទ្យមានចនួន៣៤នាក់ ក្នុងនោះសម្រាកក្នុងមន្ទីរពេទ្យស្រុកមង្គលបុរី ៩នាក់ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១៦នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ២នាក់ ។
ដោយឡែកអ្នកជំងឺ ម្នាក់ដែលបានលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាប មកដល់ពេលនេះមានស្ថានភាពល្អ អ្នកដែលពុលគឺគាត់ដឹងខ្លួនហើយ។ អ្មកជំងឺសម្រាកនៅផ្ទះគឺមានចំនួន៧នាក់ ក្នុងនោះចេញពីមន្ទីរពេទ្យចំនួន៤នាក់ គាត់មានសុខភាពល្អ ប្រសើរធម្មតា។
បច្ចុប្បន្ននេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលខេត្តបន្ទាយមានជ័យ ស្រុកប្រតិបត្តិ មន្ទីរពេទ្យ និងមណ្ឌលសុខភាពកំពុងបន្តចុះអប់រំសុខភាព។ ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន បានអំពាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំពិសារស្រា ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសការលាយស្រាមិនមានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឱ្យយើងពុល និងធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររហូតដល់មានការបាត់បង់ជីវិតផងដែរ៕