(ខេត្តកំពង់ធំ)៖ នៅវេលាម៉ោង០៨ និង១៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០១ ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ចំនួន ៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។
ជនសង្ស័យដែលធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់មាន ៖ ១-ឈ្មោះ អាន ដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ មឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៣. ឈ្មោះ ហេង មេសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ
ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចជំនាញបានកសាងនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕