(ខេត្តបន្ទាយមានជ័យ)៖ គយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបផលិតផលសាច់ជ្រូក៤.៥០០គីឡូក្រាម ដែលលួចនាំចូលពីប្រទេសថៃមកកម្ពុជាដោយខុសច្បាប់ កាលពីយប់ថ្ងៃទី៥មខែឧសភាឆ្នាំ២០២០ លើផ្លូវជាតិលេខ៥នៅភូមិ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ហើយនៅរសៀលថ្ងៃដដែលបានដឹកជញ្ជូនទៅកម្ទេចចោល ។
លោកឡេងសុភ័ក្ត្រាមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួងប្រចាំនៅខេត្តបន្ទាយមានជ័យ និងលោក តោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលបានឱ្យដឹងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា៖ ផលិតផលសាច់ជ្រូកនោះបានផ្ទុកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿងដែលបើកបរពីព្រំដែនថៃមកក្នុងខេត្តបន្ទាយមានជ័យ។
ការឆែកឆេរក្នុងរថយន្តបានរកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូកចំនួន៧៥កេសស្មើ នឹងទម្ងន់៤.៥០០គីឡូក្រាម គឺសកម្មភាពស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបានសកម្មធ្វើឡើងទោះក្នុងកាលៈទេសៈនៃការឆ្លងរីករាលជំងឺកូវីដ១៩ក៏ដោយ។ ក្រោយធ្វើកំណត់ហេតុហើយហៅអ្នកបើករនិងម្ចាស់រថយន្តមកធ្វើកំណត់ហេតុហើយប្រគល់ទទួលរួចនាំទៅរណ្តៅកប់ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។
ចំណែកលោក ហ៊ុយ ទូច អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា៖ការបង្ក្រាបបានផលិតសាច់ជ្រូកខាងលើគឺទី១,ជាការនាំចូលអត់ច្បាប់អនុញាតខុសនឹងសារាចរលេខ០៧របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺឆ្លង។ វិធាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលត្រូវទប់ស្កាត់បង្ក្រាបការនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀង ឬដោយខុសច្បាប់ ។
ទី២ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ និងទី៣ វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកបរិភោគ ៕