(ភ្នំពេញ) ៖ចាប់តាំងពីល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មនុស្ស៤នាក់ដែលប្រឌិតព័ត៌មានទាក់ទងនឹងករណីផ្ទុះ វីរុសថ្មីកូរ៉ូណា ក្នុងប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចបានរក ឃើញ និងឱ្យធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ការផ្សាយនូវព័ត៌មានកុហកនេះ។
មនុស្សទាំង៤នាក់រួមមាន២នាក់នៅ ក្នុងខេត្តសៀមរាប ឈ្មោះម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ ២០ឆ្នាំ, ម្នាក់ទៀតនៅខេត្តកោះកុង ឈ្មោះជុនចិន ភេទប្រុស អាយុ២២ឆ្នាំ, និងស្ត្រីម្នាក់ក្នុងខេត្តពោធិ៍សាត់ឈ្មោះ អាមុំ អ៊ុតសក់ ដែលបានសរសេរបង្ហោះតាម បណ្តាញសង្គមផ្សាយអំពីព័ត៌មានមិនពិតនៃការផ្ទុះឡើងវីរុស កូរ៉ូ ណាថ្មី នៅក្នុងខេត្តរបស់ខ្លួន ដែលការផ្សាយនោះ បាននាំឲ្យមានការភ័ន្តច្រឡំពីសាធារណជន។
មនុស្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ចចាប់បង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការផ្សាយព័ត៌មានមិនពិតទាំងនោះ បើពុំដូច្នោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់។ កម្ពុជាទើបនឹងរកឃើញ ករណីឆ្លងវីរុសថ្មីកូរ៉ូណាលើកដំបូងទៅលើ ទេសចរណ៍ជាតិចិនម្នាក់ឈ្មោះ ចា ជិនហួរ អាយុ៦០ឆ្នាំ ដែលបានធ្វើដំណើរ ជាមួយក្រុមគ្រួសារតាមជើងយន្ត ហោះពីក្រុងវូហាន មកកម្សាន្តក្នុងខេត្តព្រះសីហនុ៕

