(ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូលឿនហើយជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង ផ្លោងចេញមកម្ខាងផ្លូវ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពរងគ្រោះមានឈ្មោះគង់ វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ អាសយដ្ឋានផ្ទះលេខ១៨០ ផ្លូវ៣១BTភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FK4171ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលបោកផ្ទប់នឹងរបាំងថ្មបែកថ្លើមផ្លោងទៅម្ខាងផ្លូវបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើកំណត់ហេតុរួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់រួចប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះខាងលើត្រូវបានរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ៕