(ភ្នំពេញ)៖ ស្ត្រីម្នាក់បានបើករថយន្តលឿនពេករេទៅបុកក្បាលថ្មទោះចែកទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ផ្អៀងមួយចំហៀងរថយន្តរងការខូចខាតយ៉ាងដំណុំចំណែកអ្នកបើកបររងរបួសធ្ងន់ហូតឈាមតាមច្រមុះ។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រថយន្តដែលជួបឧប្បត្តិហេតុនោះ ម៉ាក PORSCHE ពណ៌ស អត់ទាន់មានស្លាកលេខ បើកបើកបរដោយនារីរងគ្រោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុកែងផ្លូវលេខ១៩៣ ក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឱ្យរថយន្តស៊េរីទំនើបខាងលើបានក្រឡាប់ផ្អៀងម្ខាង រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋបានជួយយកចេញ ពស្ត្រីអ្នកបើកបររថយន្តឈាមតាមច្រមុះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែ។ ហើយបានធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕