(ភ្នំពេញ)៖ បុរសជាប្រធានប្រជាការពារសង្កាត់ផ្សារដើមគម្នា
ក់ ឈ្មោះ សុខ ហឿន អាយុ៥៤ឆ្នាំ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាសបានចុះពីលើរថយន្ត ហើយត្រូវសន្តិសុខខផ្សារនាគមាស ឡើងបើកសាករថយន្តនោះជ្រុលមកបុកផ្ទប់នឹងរថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹង បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៣៤ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពញ ។
ប្រភពព័ត៌មានពីអាជីវករផ្សារ ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគ សហការជាមួយគណៈកម្មាការផ្សារនាគមាស បានចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ ដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់ បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់ មកឈប់នៅកន្លែងកើតហេតុ ហើយបានចុះពីលើរថយន្តចូលទៅបត់ជើង រួចបានដើរមកមុខរថយន្ត ស្របពេលនោះ មានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាស បានឡើងទៅបើករថយន្តនោះ ក៏ជ្រុលទៅបុកបុរសរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀត ដែលចតនៅខាងមុខពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានបញ្ជូនតាមរថយន្តសាម៉ុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេញបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តបង្ក និងឃាត់ខ្លួនអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕