(ភ្នំពេញ)៖ បុរសញៀនថ្នាំម្នាក់បានចាប់ប្រពន្ធអារកនឹងកូនកាំបិតខ្លី ស្លាប់យ៉ាងអាណោចអាធម័ក្នុងថ្លុកឈាមហើយ បន្ទាប់មកក៏បានធ្វើសកម្មភាពអារកខ្លួនឯងតាមក្រោយ តែមិនទាន់ស្លាប់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍ដ៏ឃោរឃៅនេះបានកើតឡើងនៅវេលាម៉ោង៧ និង០០នាទីព្រឹក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជាប្តីមានឈ្មោះ យា វិត អាយុ៣០ឆ្នាំ មានទីលំនៅភូមិម៉ោងទ្រេត ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង រីឯសាកសពប្រពន្ធ ដែលបានស្លាប់ក្នុងថ្លុកឈាមមានឈ្មោះ យិន ធិញ អាយុ៤២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយប្តីប្រពន្ធទាំងពីរនាក់មកជួលស្នាក់នៅកន្លែងកើតហេតុខាងលើ។
អ្នកជិតខាងដែលរស់នៅក្បែរគ្នាបានអោយដឹងថា បុរសជាប្តីនោះជាមនុស្សញៀនថ្នាំ ហើយមុនកើតហេតុពួកគាត់បានលឺសំលេង ប្តីឈ្លោះជាមួយប្រពន្ធតាំងពីវេលាជិតភ្លឺ ប្រហែលជាខឹងដោយសារសុំលុយប្រពន្ធទៅទិញថ្នាំញៀនមិនបាន លុះដល់វេលាម៉ោង៧ និង០០នាទីព្រឹក ក៏មានហេតុការណ៍នេះកើតឡើង៕