(ខេត្តកំពង់ស្ពឺ)៖ ពលរដ្ឋ បានប្រទះឃើញ សពបុរសម្នាក់ ដែលគេសន្និដ្ឋានថា ជនរងគ្រោះ ជាជនជាតិចិន ត្រូវបានឃាតករ ច្រកក្នុវ៉ាលី ហើយយកមកបោះចោល នៅចំណុចមាត់ជ្រោះ រោងរាង តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០៤ និង ១០៥ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
បើតាមសម្តីសាក្សី ឈ្មោះ វ៉ាន សាវឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរ ជាកសិករ រស់ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បាននិយាយថាៈ គាត់បានធ្វើដំណើរ ដោយម៉ូតូ ពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុចកើតហេតុ គាត់បានឃើញរថយន្ត ម៉ាកតូយ៉ូតា ហាយលែនឌ័រ ពណ៌ស តែមិនចាំស្លាកលេខ ចតបែរមុខ ទៅទិសខាងលិច ហើយគាត់បានឃើញ មនុស្សប្រុសម្នាក់ សង្ស័យជាជនជាតិចិន បានបើកគូទក្រោយរថយន្ត ហើយបានទាញវ៉ាលីធំ ពីលើរថយន្ត ទំលាក់ចុះទៅមាត់ជ្រោះ (គាត់ឈប់ម៉ូតូ មើលពីខាងត្បូងម្ខាងថ្នល់) រួចបុរសនោះ បានបើករថយន្ត ទៅទិសខាងលិចបាត់សម្រោល។
បុរសជាសាក្សីនោះ បានបន្តថាៈ គាត់សង្ស័យ ក៍បានចុះទៅមើលវ៉ាលីនោះ ហើយបានឃើញថង់ខ្មៅ មានជើងមនុស្ស។ ភ្លាមនោះ គាត់បានទៅប្រាប់ អ្នកភូមិនៅក្បែរនោះ ហើយបានរាយការណ៍ ជូនទៅសមត្តកិច្ចមូលដ្ខាន។
មន្ត្រីជំនាញ និងក្រុមគ្រូពេទ្យ ខេត្តកំពង់ស្ពឺ បានទៅពិនិត្យ ឃើញថា សាកសព ជាមនុស្សប្រុស អាយុប្រមាណជាង ៤០ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ សម្បុរ ស ទំនងជាជនជាតិចិន កាត់សក់ខ្លី ពាក់អាវយឺត ស ដៃវែង ខោប្រផេះ ជើងវែង។ នៅលើសាកសព មានស្លាកស្នាម លើក្បាលពីក្រោយ បែកជាច្រើនកន្លែង និងមានស្នាមរយះ ក្រោមចង្កា សងខាង ។
សមត្ថកិច្ច បានសន្និដ្ឋានថាៈ នេះជាករណីឃាតកម្ម គិតទុកជាមុន ហើយសព បានយកទៅដំកល់ នៅវត្តទឹកថ្លា និងប្រគល់ជូន ទៅសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានបច្ចេកទេស គ្រប់គ្រង តាមនីតិវិធី៕