(ខេត្តព្រះវិហារ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត១គ្រឿងដឹកសមាជិកគ្រួសារចំនួន៨នាក់ ដោយសារបើកវ៉ាជែងរថយន្តនៅពីមុខប្រើល្បឿនលឿនជ្រុលចង្កូតទាញឱ្យធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ១៤១-១៤២ ភូមិបាក់ក ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
មុនពេលកើតហេតុ រថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន ៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់កន្លែងកើតហេតុរថយន្តខាងលើបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
លោក រិទ្ធ សូណា បានឱ្យដឹងទៀតថា រថយន្តដែលក្រឡាប់ម៉ាកតូយ៉តាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z- 7512 បើកបរដោយឈ្មោះ ម៉ៅ ណាល់ អាយុ៣៩ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
ដោយឡែកអ្នកស្លាប់២នាក់ មានឈ្មោះ ទី១- ឈ្មោះ ស្រី និច ភេទស្រី អាយុ២៥ឆ្នាំ, ទី២- ឈ្មោះ ណាល់ ផានិត ភេទប្រុស អាយុ១២ឆ្នាំ។ចំណែកអ្នករបួសមានឈ្មោះ ទី១- ឈ្មោះ ម៉ៅ សិលា ភេទស្រី, ទី២- ឈ្មោះ ម៉ៅ រិទ្ធយុង ភេទប្រុស, ទី៣- ឈ្មោះ ស្រី សៅ ភេទប្រុស អាយុ២១ឆ្នាំ, ទី៤-ឈ្មោះ ម៉ុច មឿង ភេទស្រី អាយុ៦២ឆ្នាំ, ទី៥- ឈ្មោះ លឿន ភេទស្រី អាយុ៦៣ឆ្នាំ៕